មន្ត្រីកំពូលនៃធនាគារកណ្តាលរុស្ស៊ីមួយរូបបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អាជ្ញាធររូបិយវត្ថុនឹងអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្មអន្តរជាតិជាមួយគ្រីបតូ។

ទេសាភិបាលរងទីមួយនៃធនាគារកណ្តាលរុស្ស៊ីលោក Ksenia Yudayeva បាននិយាយកាលពីថ្ងៃអង្គារថាធនាគារបើកទូលាយក្នុងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូសម្រាប់ការទូទាត់ជាអន្តរជាតិ បើយោងតាមសារពត៌មានរ៉យទ័របានរាយការណ៍ រួមជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដែលបានបន្ថែមថាធនាគារកណ្ដាលកំពុងពិចារណាឡើងវិញនូវជំហររបស់ខ្លួនលើការជីកយករ៉ែគ្រីបតូផងដែរ។
លោកYudaeva បានមានប្រសាសន៍ថា: “យើងបានផ្លាស់ប្តូរជំហររបស់យើងលើការជីកយករ៉ែ ហើយក៏អនុញ្ញាតឱ្យប្រើប្រាស់រូបិយប័ណ្ណគ្រីបតូក្នុងពាណិជ្ជកម្មបរទេស និងក្រៅប្រទេសផងដែរ។”

សេចក្តីថ្លែងការណ៍របស់មន្ត្រីធនាគារដែលបានបញ្ចូលទៅក្នុងសេចក្តីប្រកាសអំពីបទប្បញ្ញត្តិធនាគារក្នុងស្រុកហាក់ដូចជាសម្បទានដល់សមាជិកសភាដែលរៀបចំកំណែថ្មីនៃច្បាប់ “ស្តីពីរូបិយប័ណ្ណឌីជីថល”។
កាសែតពាណិជ្ជកម្ម Vedomosti រាយការណ៍ថាក្រសួងហិរញ្ញវត្ថុបានបង្ហាញសេចក្តីព្រាងច្បាប់នេះនៅក្នុងកិច្ចពិភាក្សាមួយដែលរៀបចំដោយគណបក្ស United Russia កាលពីថ្ងៃសុក្រ។